អាឡឺម៉ង់ទាត់ចោលចំពោះការអំពាវនាវរបស់អាមេរិកដែលសុំឱ្យខ្លួនបញ្ជូនទ័ពជើងគោកទៅស៊ីរី

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩

ប្រទេសអាឡឺម៉ង់ច្រានចោលចំពោះសំណើរបស់ក្រុងវ៉ាស៊ីនតោនដែលសុំឱ្យអាឡឺម៉ង់បញ្ចូនកម្លាំងទ័ពជើងគោកទៅប្រទេសស៊ីរី (នៅពេលដែលយោធាអាមេរិកដកកំលាំងក្នុងតំបន់នោះ)។ មេដឹកនាំប្រទេសអាឡឺម៉ង់ពណ៌នាថា សំណើនោះមិនសមស្របតាមគោលនយោបាយដែលមាន​ស្រាប់របស់ទីក្រុងប៊ែឡាំង។ លោកJeffrey Jeffrey អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក​ប្រចាំនៅ​ប្រទេសស៊ីរីបញ្ជាក់នៅថ្ងៃអាទិត្យថា លោកស្នើសុំឱ្យ   រដ្ឋាភិបាលអាឡឺម៉ង់ផ្តល់កងទ័ព​ដើម្បីទៅជំនួសកងកម្លាំងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងតែស្ថិតក្នុងប្រទេសស៊ីរី។  លោកមានប្រសាសន៍ថា សំណើនោះជាផ្នែកមួយស្ថិតក្រោមការរៀបចំរបស់រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនក្នុងការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី។  ទីក្រុងប៊ែឡាំង មិនរង់ចាំយូរក្នុងការឆ្លើយតប មុនពេលមានការដកកងកម្លាំងរបស់សម្ព័ន្ធមិត្តឆ្លងទ្វីបរបស់ខ្លួន។  ការឆ្លើយតបនោះមិនបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ក្រុងវ៉ាស៊ីនតោនទេ។ ជាទូទៅ ប្រទេសអាឡឺម៉ង់មានការប្រយ័ត្នប្រយែងក្នុងការធ្វើអន្តរាគមន៍យោធាផ្ទាល់ក្នុងប្រទេសស៊ីរី។ នៅខែឧសភាឆ្នាំមុន លោកស្រី Angela Merkel អះអាងដល់សាធារណជនថា កម្លាំងទ័ព Bundeswehr នឹងមិនចូលរួមក្នុងសកម្មភាពយោធា។ នៅពេលដែលប្រទេសអាឡឺម៉ង់បដិសេធ​ចំពោះគំនិតនេះ លោក Jeffrey ហាក់ដូចជាមានទំនុកចិត្តថា សម្ព័ន្ធមិត្តអាមេរិកដទៃទៀតនឹងមាន​ការប្តេជ្ញាចិត្តក្នុងការបញ្ជូនកងទ័ពទៅក្នុងប្រទេសស៊ីរី។ អ្នកការទូតអាមេរិកប្រាប់អ្នកការពារជាតិថា គាត់រំពឹងថា នឹងមានកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយក្នុងនោះ​នឹងមានទាំងកងកម្លាំងចម្រុះជំនួសឱ្យកងទ័ពអាមេរិកនៅពេលអាមេរិកដកកម្លាំងចេញពីប្រទេសស៊ីរី។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការបំពេញបេសកកម្មរបស់ទាហានអាមេរិកក្នុងប្រទេសស៊ីរី​នឹងមានគ្រោះថ្នាក់លើផ្នែកសីលធម៌​ និងច្បាប់មួយចំនួន។ កងកម្លាំងសហរដ្ឋអាមេរិកធ្វើការក្នុង​ប្រទេសស៊ីរីដោយពុំមានការយល់ព្រមពីទីក្រុងដាម៉ាស់ ឬទទួលបានការអនុញ្ញាតិពីអង្គការ​សហប្រជាជាតិឡើយ ហើយនោះជាការកាន់កាប់ដោយខុសច្បាប់។​ ក្រុងដាម៉ាស់អះអាងដដែលៗថា វត្តមានយោធាលោកខាងលិចនៅក្នុងប្រទេសស៊ីរីគឺខុសច្បាប់ និងសន្យាថា នឹងរំដោះទឹកដី​របស់ប្រទេស​ស៊ីរ៉ីពីកងទ័ពបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here