ខេត្តបៃលិន៖ នៅថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (ឋានៈស្មើ រដ្ឋលេខាធិការ) បានដឹកនាំប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម សហការជាមួយរដ្ឋបាលសាលាខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយអំពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» នៅសាលាខេត្តប៉ៃលិន។
សិក្ខាសាលានេះបានចាប់ផ្តើម នៅវេលាម៉ោង8:30នាទីព្រឹក ក្រោមអធិបតីភាព លោក អ៊ុន ប៊ុនលី អភិបាលរង តំណាងឱ្យ លោកជំទាវ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន និង ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ដោយមានការចូលរួមពីគ្រប់មន្ទីរ ស្នងការរង មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំអង្គភាព ផ្សេងៗទៀត ចំណុះខេត្ត មានចំនួនសរុប ២៦នាក់ (ស្រី ០៣នាក់)។
បច្ចុប្បន្ននៅតាមបណ្តាប្រទេសជាច្រើនក្នុងនោះក៏មាន ប្រទេសកម្ពុជាផងដែរ ពិតមែនតែមិនមែនជាគោលដៅរបស់ពួកភេរវករ តែយើងត្រូវតែឈរលើស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការត្រៀមខ្លួន ការបង្ការ ការឆ្លើយតប និងការស្ដាឡើងវិញ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើងជាយថាហេតុ។
ដូចនេះគោលបំណងនៃការបើកសិក្ខាសាលាគឺ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់នូវការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានា ដែលមានចែងក្នុង «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំយកនូវមតិផ្តាំផ្ញើ ក្រើនរំលឹករបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជូនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់តាមគ្រប់ជំនាញប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន បានសង្កត់ធ្ងន់ថា “ស្នងការនគរបាលរាជធានី/ខេត្ត មានតួនាទីជាមេបញ្ជាការនៅកន្លែងកើតហេតុ ពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង”។
អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី នាថ្ងៃដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ទស្នាល ដោយបានទទួលចំណេះដឹងថ្មីៗ អំពីការងារប្រឆាំងនឹងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕