Facebook ជាកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយ ដែលមានអ្នកប្រើប្រាស់យ៉ាងសកម្មប្រមាណជា ២,៦ពាន់លាននាក់នៅទូទាំងពិភពលោក។ នៅក្នុងនោះផងដែរ Facebook ក៏ទទួលបាននូវប្រជាប្រិយភាព និងការប្រើប្រាស់ដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។
អ្នកប្រើប្រាស់និយមប្រើកម្មវិធី Facebook សម្រាប់ផុសរូបថត រូបភាព ឬវីដេអូនានា ដើម្បីជាការកម្សាន្តអារម្មណ៍ និងជាវេទិការដែលអ្នកប្រើប្រាស់អាចទទួលបាននូវការកម្សាន្តបន្ថែមតាមរយៈការអានព័ត៌មានគ្មានដែនកំណត់ ឬក៏ទស្សនានូវវីដេអូបែបកំប្លែងជាច្រើនពីក្រុមហ៊ុននានា ពីម្ចាស់ផេច ឬគេហទំព័រ( Page or Website) ដែលបានផុសផ្សព្វផ្សាយនៅលើវេទិកាមួយនេះ។
យ៉ាងណាមិញ ដោយសារតែ Facebook ជាកម្មវិធីបណ្ដាញសង្គមដែលធំទូលាយនោះអ្នកប្រើប្រាស់មួយចំនួនក៏បានប្រឈមជាមួយនឹងការហេគ(Hack)តាមរយៈការផ្ញើរតំណ (Link) ឬសារបញ្ឆោតណាមួយដែលពុំមានសុវត្ថិភាព ខណៈដែលអ្នកប្រើប្រាស់បានចុចទៅលើវា។ ក្រុមហេគឃ័រ( Hacker) អាចលួចទិន្នន័យ ឬគណនី Facebook របស់អ្នកបាន។
គេបានឱ្យឈ្មោះមនុស្សប្រភេទនោះជាឧក្រិដ្ឋជនលើបណ្តាញអ៊ីនធឺរណិត ឬជាហេគឃ័រ (“Hacker”) ដោយពួកគេគឺជាអ្នកដែលអាចហេគចូលទៅប្រើប្រាស់នូវគណនី Facebook របស់អ្នកបានបើសិនជាអ្នកមិនបានប្រយ័ត្ន។ នៅពេលដែលក្រុមហេគឃ័រទាំងនោះបានចូលទៅកាន់កាប់គណនី Facebook របស់អ្នកបានហើយ ពួកគេអាចយកគណនីរបស់អ្នកទៅធ្វើរឿងមិនល្អដើម្បីបម្រើផលប្រយោជន៍ឱ្យពួកគេ ឬក៏បន្លំខ្លួនធ្វើជាអ្នកប្រើប្រាស់ដើម្បីបោកប្រាស់ និងធ្វើការគម្រាមកំហែងទៅកាន់អ្នកដ៏ទៃ ឬបញ្ឆោតឲ្យឱ្យធ្វើអ្វីមួយតាមតែអំពើចិត្តរបស់ពួកគេ។
ដូច្នេះ ដើម្បីជៀសវាង និងអាចការពារគណនី Facebook របស់អ្នកពីការហេគរបស់ក្រុមហេគឃ័រទាំងនោះ៖
-អ្នកមិនត្រូវចុចលើ Link ណា ឬកម្មវិធីដែលមិនមានប្រភពច្បាស់លាស់ ព្រោះវាអាចជាល្បិចបោកបញ្ឆោតរបស់ក្រុមហេគឃ័រដើម្បីទាក់ទាញឲ្យអ្នកប្រើប្រាស់ឱ្យចុចលើLink របស់ពួកគេ តាមរយៈការបញ្ឆោតឲ្យអ្នកប្រើប្រាស់បើកយក ឬទទួលបាននូវរង្វាន់ផ្សេងៗ ដូចជារបស់ប្រើប្រាស់ ឬជាប្រាក់កាសជាដើម។ តែផ្ទុយទៅវិញរង្វាន់ទាំងនោះ គឺគ្រាន់តែជាការបោកប្រាស់របស់ក្រុមហេគឃ័រដើម្បីអាចធ្វើប្រតិបត្តិការហេគចូលទៅកាន់គណនីរបស់អ្នកតែប៉ុណ្ណោះ។
-ប្រសិនបើអ្នកបានចុចលើ Link ណាមួយដោយអចេតនា ហើយសង្ស័យថាវាអាចនឹងមិនមានសុវត្ថិភាពសម្រាប់គណនីរបស់អ្នក សូមអនុវត្តតាមវិធីសាស្ត្រខាងក្រោមដើម្បីរក្សាសុវត្ថិភាពគណនី Facebook របស់អ្នក៖
ជំហានទី១៖ សូមចូលទៅកាន់ Facebook របស់អ្នក-> ចុចទៅលើសញ្ញាត្រេបីខាងស្តាំដៃ -> បន្ទាប់មកអូសទៅក្រោមដើម្បីចុចលើពាក្យ ” Setting & Privacy ” ។
ជំហានទី២៖សូមចុចលើពាក្យ ” Setting ” -> Security and Login ឬចុចលើពាក្យ
” Password and Security ” ->បន្ទាប់មក សូមចុចពាក្យ ” See all ” ក្នុងប្រអប់ ” Where you’re logged in ” ។
បន្ទាប់ពីបានចូលទៅកាន់ ” Where you’re logged in ” ហើយ Facebook នឹងបង្ហាញនូវឈ្មោះ និងទីតាំងរបស់ទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិកទាំងអស់ ដែលធ្លាប់បានចូលទៅប្រើប្រាស់ ឬធ្វើការកាន់កាប់គណនីរបស់អ្នក។ បើសិនជាមានឧបករណ៍ណាមួយដែលអ្នកសង្ស័យថា មិនមែនជាឧបករណ៍របស់អ្នកទេ អ្នកអាចចុចលើពាក្យ ” LOG OUT OF ALL SESSIONS ” ដើម្បីធ្វើការចាកចេញពីគណនី Facebook របស់អ្នកទៅលើឧបករណ៍ទាំងអស់នោះ និងបន្ទាប់មកប្តូរលេខសំងាត់ថ្មី។
ជំហានទី៣៖ដើម្បីបង្កើននូវសុវត្ថិភាពរបស់គណនីរបស់លោកអ្នក អ្នកអាចធ្វើការផ្លាស់ប្តូរនូវលេខសម្ងាត់បានដោយតាមរយៈការចុចទៅលើពាក្យ ” Change password ” បន្ទាប់មកសូមវាយបញ្ចូលលេខសម្ងាត់ចាស់របស់អ្នកនៅខាងលើ នឹងវាយបញ្ចូលនូវលេខសម្ងាត់ថ្មីនៅខាងក្រោមទាំងពីរជួរ បន្ទាប់មកសូមចុចលើពាក្យ ” Update Password ” ដើម្បីផ្លាស់ប្ដូរលេខសម្ងាត់ឲ្យអ្នក។
ជំហានចុងក្រោយ៖ដើម្បីទប់ស្កាត់ការហេគពីក្រុមហេគឃ័រ សូមអ្នករក្សាប្រព័ន្ធសុវត្ថិភាពដោយចុចទៅលើពាក្យ ” Use two-factor authentication ” បន្ទាប់មកសូមចុចយកពាក្យ
” Text Message (SMS) ” ហើយចុច ” Continue ” និងចុងក្រោយលោកអ្នកគ្រាន់តែវាយបញ្ចូលលេខទូរស័ព្ទ ដែលលោកអ្នកកំពុងប្រើប្រាស់គឺជាការស្រេច។ មុខងារនេះនឹងផ្តល់ដំណឹងសារជូនដំណឹងនៅពេលដែលគណនី Facebook របស់អ្នកត្រូវបានអ្នកផ្សេងចូលទៅប្រើប្រាស់ ឬគ្របគ្រង៕
អត្ថបទ៖ប៉ោក លក្ខិណា