ការធ្វើកំណែទម្រង់អាប់ដេតទៅកាន់អ្វីដែលថ្មី គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មវិធី ឬ ប្រព័ន្ធប្រតិបត្តិការមួយចំនួន ប៉ុន្តែបើសិនជាការអាប់ដេតនោះមានកំណើនច្រើន និងស៊ាំញាំ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នកផងដែរ តួយ៉ាងដូចជាការអាប់ដេតនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 ជាដើម។
បើសិនជាអ្នកកំពុងប្រើប្រាស់កំព្យូទ័រ ឬ កំព្យូទ័រយួរដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 អ្នកនឹងទទួលបាននូវកំណែអាប់ដេតថ្មីៗជាច្រើន ហើយបើសិនជាអ្នកបានបើកដំណើរការមុខងារអាប់ដេតដោយស្វ័យប្រវត្តិទៀតនោះ វានឹងលោតចេញសញ្ញាឱ្យអ្នកធ្វើការចុច Restart ដើម្បីអាប់ដេតភ្លាមៗផ្ទាល់តែម្តង បើទោះបីជាអ្នកកំពុងរវល់នៅក្នុងការប្រើប្រាស់សម្រាប់តម្រូវការការងាររបស់អ្នកក៏ដោយ។
ដើម្បីជៀសវាងទៅនឹងបញ្ហាខាងលើ អ្នកអាចធ្វើការបិទមុខងារអាប់ដេតដោយស្វ័យប្រវត្តិបាន តាមរយៈជំហានខាងក្រោម៖
• ជំហានដំបូង សូមចូលទៅកាន់ Settings បន្ទាប់មកសូមជ្រើសយកពាក្យ “Update & Security”។
• ជំហានបន្ទាប់ សូមជ្រើសយកពាក្យ “Windows Update” និងចុចលើ “Pause updates for 7 days” ដើម្បីធ្វើការបិទការអាប់ដេតនៅក្នុងរយៈពេល ៧ ថ្ងៃ។
• ជំហានទីបី នៅពេលដែលអ្នកចង់ធ្វើការអាប់ដេតមុនពេលកំណត់ អ្នកអាចធ្វើការចុចទៅលើពាក្យ “Resume updates” ដើម្បីធ្វើការបន្តការអាប់ដេតបាន។
បើសិនជាការផ្អាកការអាប់ដេតរយៈពេល ៧ ថ្ងៃមិនគ្រប់គ្រាន់សម្រាប់អ្នក អ្នកអាចធ្វើការកំណត់ការអាប់ដេតតាមរយៈជំហានខាងក្រោមបាន ដោយវាអាចអនុញ្ញាតឱ្យអ្នកធ្វើការផ្អាកការអាប់ដេតបានដល់ទៅរយៈពេល ៣៥ ថ្ងៃ។
• ដើម្បីផ្អាកការអាប់ដេតរយៈពេលយូរបាន សូមអូសចុះមកក្រោមបន្ទាប់ពីពាក្យ “Pause updates” រួចជ្រើសយកថ្ងៃខែដែលអ្នកចង់កំណត់ជាការស្រេច៕
រូបភាព៖ Microsoft
អត្ថបទ៖ ប៉ោក លក្ខិណា