ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទត្រកូល iPhone 14 ជាមួយមុខងារភ្ជាប់នឹងផ្កាយរណបសម្រាប់ការសង្គ្រោះបន្ទាន់ និងមានមុខងារសម្បូរបែបជាច្រើនទៀត

0

នៅយប់ថ្ងៃទី០៧ ឈានចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញនូវផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន ដែលផលិតផលចម្បងដែលយើងទន្ទឹងរង់ចាំនោះគឺជាទូរស័ព្ទត្រកូល iPhone 14។

ក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple បាននាំយកទូរស័ព្ទ iPhone 14 ជំនាន់ថ្មីចំនួនបួនម៉ូដែល ដែលមានទូរស័ព្ទ iPhone 14 ធម្មតា, ទូរស័ព្ទ iPhone 14 Plus, ទូរស័ព្ទ iPhone 14 Pro និងទូរស័ព្ទ iPhone 14 Pro Max ដោយលែងមានម៉ូដែល mini ទៀតហើយ។

ទូរស័ព្ទ iPhone 14 ធម្មតា និង iPhone 14 Plus ហាក់រក្សាការរចនាដដែល បើប្រៀបធៀបទៅនឹងទូរស័ព្ទដៃ iPhone ចាប់ពីជំនាន់ iPhone 11 ឡើងទៅ។ អតិថិជន ឬអ្នកប្រើប្រាស់ដែលនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple កំពុងតែផ្តោតចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើម៉ូដែលចំនួន២ គឺ iPhone 14 Pro និង iPhone 14 Pro Max។

ទូរស័ព្ទ iPhone 14 Pro និង 14 Pro Max ត្រូវបាននាំមកជាមួយការរចនាកាមេរ៉ាខាងមុខថ្មី ដោយប្តូរពីថ្ងាសឆកដែលយើងឃើញមានតាំងពីជំនាន់ទូរស័ព្ទ iPhone 11 មកកាន់ការរចនាកាមេរ៉ាខាងមុខបែបទម្លុះអេក្រង់វែងវិញ ដែលក្រុមហ៊ុន Apple បានឱ្យឈ្មោះថា “Dynamic Island”។ ក្រុមហ៊ុន Apple បាននិយាយថា ការរចនាកាមេរ៉ាស៊ែលហ្វីខាងមុខបែបទម្លុះអេក្រង់ “Dynamic Island” នេះ បានធ្វើការច្របាច់បញ្ចូលគ្នារវាង Software និង Hardware ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការមើលការចាក់ចម្រៀង, វីដេអូខល FaceTime ឬមុខងារកីឡាមួយចំនួនទៀតបានផងដែរ។ ជាមួយនឹងការរចនាកាមេរ៉ាទម្លុះអេក្រង់នេះដែរ ទូរស័ព្ទ iPhone 14 Pro បំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីទំហំ 12MP ដែលជាប្រភេទ Wide និង Depth សេនស័រ។

និយាយពីផ្នែកខាងមុខរបស់ទូរស័ព្ទ iPhone 14 Pro ទូរស័ព្ទមួយនេះបំពាក់មកជាមួយអេក្រង់ Super Retina XDR មានកម្រិតពន្លឺ ២០០០ នីត ដែលស្មើនឹងការបង្កើនពីរដង បើប្រៀបធៀបទៅនឹងម៉ូដែលមុន។ ជាមួយនឹងអេក្រង់គុណភាពខ្ពស់នេះដែរ ក្រុមហ៊ុន Apple ក៏បាននាំយកនូវមុខងារ Always-On display មកបំពាក់នៅលើទូរស័ព្ទ iPhone 14 Pro ផងដែរ ដោយបន្ថែមពីនេះ អ្នកប្រើប្រាស់នឹងមិនតម្រូវឱ្យធ្វើការចុចលើអេក្រង់ដើម្បីប្រើប្រាស់មុខងារ Always-On display នោះទេ ដោយមុខងារនេះនឹងបង្ហាញអ្នកដោយផ្ទាល់ នៅពេលដែលអ្នកសម្លឹងមើលទៅទូរស័ព្ទ iPhone 14 Pro របស់អ្នក ហើយវាក៏បិទទៅវិញនៅពេលដែលអ្នកដាក់ទូរស័ព្ទទុកក្នុងហោប៉ៅ។

ទូរស័ព្ទ iPhone 14 Pro នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ IOS 16 ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះទៀតសោត ក៏បាននាំមកជាមួយមុខងារថ្មីៗមួយចំនួនផងដែរ ដូចជាមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការរចនា Widgets ថ្មីៗនៅក្នុងផ្ទាំងបង្ហាញ Lock Screen ជាដើម។

បន្ថែមពីមុខងារដែលមានខាងលើ ក្រុមហ៊ុន Apple ក៏បាននាំមកជាមួយមុខងារសង្រ្គោះបន្ទាន់ថ្មីដោយភ្ជាប់ទៅនឹងផ្កាយរណប ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារហៅជំនួយ បើទោះបីជាទូរស័ព្ទ iPhone 14 Pro របស់អ្នកពុំមានសេវាទូរស័ព្ទ ឬ Wi-Fi ក៏ដោយ។

មុខងារសុវត្ថិភាពដ៏សំខាន់មួយទៀត ក៏មានបំពាក់នៅក្នុងទូរស័ព្ទ iPhone 14 Pro ផងដែរ ដែលជាមុខងារខលហៅរកជំនួយដោយស្វ័យប្រវត្តិ នៅពេលដែលទូរស័ព្ទដៃ iPhone 14 Pro របស់អ្នកស្វែងរកឃើញថាអ្នក បានជួបនូវគ្រោះថ្នាក់ចរាចរណ៍ដែលមិនអាចធ្វើការខលទៅ 911 ដើម្បីរកជំនួយបាន។

ចេញពីមុខងារនៅក្នុងទូរស័ព្ទដៃ iPhone 14 Pro ឥឡូវនេះ យើងមកក្រឡេកមើលកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទមួយនេះវិញម្តង ដោយទូរស័ព្ទ iPhone 14 Pro នៅរក្សាកញ្ចប់កាមេរ៉ាបីគ្រាប់ដដែល ប៉ុន្តែសម្រាប់លេនកាមេរ៉ាគោលមានទំហំធំជាងមុនរហូតដល់ទៅ 65% បើប្រៀបធៀបទៅនឹងលេនកាមេរ៉ារបស់ទូរស័ព្ទ iPhone 13 Pro។ ដូចដែលបានលើកឡើងពីខាងដើម ទូរស័ព្ទ iPhone 14 Pro បំពាក់មកជាមួយកញ្ចប់កាមេរ៉ាខាងក្រោយចំនួនបីគ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 48MP លេនកាមេរ៉ាថតរូបភាពទូលាយ (Ultra Wide) មានទំហំ 12MP និងលេនកាមេរ៉ាទំហំ 12MP ជាលេន Telephoto។

ចូលមកកាន់ផ្នែកកម្លាំងម៉ាសុីនខាងក្នុងវិញ ទូរស័ព្ទ iPhone 14 Pro បំពាក់មកជាមួយបន្ទះឈីប A16 Bionic ដែលមាន 6-core CPU និងមានមុខងារមួយចំនួនផ្សេងទៀត ដែលជួយឱ្យទូរស័ព្ទ iPhone 14 Pro ដំណើរការបានលឿនផងដែរ។ ទូរស័ព្ទ iPhone 14 Pro អាចនឹងនាំមកជាមួយនឹងរ៉េមទំហំ 16GB និងជម្រើសអង្គផ្ទុកទិន្នន័យ 128GB 256GB 512GB និង 1TB។ សម្រាប់កម្លាំងថាមពលថ្មវិញ ក្រុមហ៊ុន Apple មិនបានធ្វើការបញ្ជាក់នោះទេ។

ក្រុមហ៊ុន Apple បានដាក់ឱ្យធ្វើការកុម្មង់ទិញទូរស័ព្ទដៃ iPhone 14 នៅក្នុងសហរដ្ឋអាមេរិក ក្នុងតម្លៃដូចខាងក្រោម៖
_ iPhone 14 មានតម្លៃចាប់ពី $799 ឡើងទៅ
_ iPhone 14 Plus មានតម្លៃចាប់ពី $899 ឡើងទៅ
_ iPhone 14 Pro មានតម្លៃចាប់ពី $999 ឡើងទៅ
_ iPhone 14 Pro Max មានតម្លៃចាប់ពី $1099 ឡើងទៅ៕

ប្រភព៖ Apple
អត្ថបទ៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here