កាលពីថ្ងៃពុធ ក្រសួងយុត្តិធម៌ (DoJ) អាមេរិក បានរឹបអូសដូមិន ចំនួន ៤៨ ដែលផ្តល់សេវាខុសច្បាប់ DDoS ជំនួយដល់ជនល្មើស។ ជនល្មើសចំនួន ៦រូប រួមមានៈ Jeremiah (23), Angel (37), Shamar (19), Cory (22), John (32) និង Joshua (32) ជាប់ចោទពីបទ ជាជនដៃដល់នៅក្នុងប្រតិបត្តិការនេះ។ ក្រសួង បានថ្លែងថាៈ គេហទំព័របានផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់ចែកចាយសេវារាំងខ្ទង់ ឬ DDoS ដែលនាំអ្នកប្រើប្រាស់សម្រុកនៅកាន់កុំព្យូទ័រគោលដៅ និងបណ្តាលឱ្យគាំងដំណើរការអុីនធឺណិត។
ឧក្រឹដ្ឋជនទាំង ៦រូប ទទួលខុសត្រូវ ជាអ្នកដំណើរការ booter (or stresser) services។ ពួកគេជាប់ចោទពីបទ ឆបោក និងបំពានលើកុំព្យូទ័រ។ គេហទំព័រចំនួន ៦ បានផ្តល់សេវាសាកល្បង វាយតម្លៃពីគុណភាពហេដ្ឋារចនាសម្ព័ន្ធគេហទំព័ររបស់អតិថិជនបង់ប្រាក់ ហើយគេជឿថាមានជនរងគ្រោះមួយចំនួននៅអាមេរិក និងកន្លែងផ្សេងទៀត ដូចជាវិទ្យាស្ថានអប់រំ ភ្នាក់ងាររដ្ឋាភិបាល និងផ្លេតហ្វមហ្គេម។ ក្រសួងបានកត់សម្គាល់ថាៈ មានជនរងគ្រោះ រាប់លាននាក់រងគ្រោះ ពីផ្លេតហ្វមនេះ។ យោងតាមឯកសារតុលាការ អ្នកប្រើប្រាស់ ជាង១លាននាក់បានប្រើគេហទំព័រ IPStresser[.]com ក្នុងបំណងវាយប្រហារ DDoS ច្រើនជាង ៣០លានដង នៅចន្លោះឆ្នាំ២០១៤ និង ២០២២។
នៅក្នុងនោះភ្នាក់ងារ FBI បានបង្ហាញថាៈ សេវានេះត្រូវបានគេប្រើតាមរយៈការចំណាយ cryptocurrency។ ជាងនេះទៀត សេវា booter and stresser ផ្តល់ភាពងាយស្រួលដល់ហេគឃ័រ ក្នុងការដំណើរការសេវាវាយប្រហារ DDoS ដោយហេគឃ័រគ្រាន់តែបង់ប្រាក់សម្រាប់ឧបករណ៍ ឬបណ្តាញ ដែលឆ្លងមេរោគស្រាប់ មិនចាំបាច់បង្កើតខ្លួនឯងទេ។ សេវានេះក៏អាចលាក់ខ្លួន នៅពេលធ្វើសកម្មភាព DDoS ផងដែរ។
ក្រសួង និងភ្នាក់ងារ បានចាប់ផ្តើមស៊ើបអង្កេតតាំងពីខែធ្នូ ឆ្នាំ២០១៨ ហើយរយៈពេល ៤ឆ្នាំក្រោយ ចាប់បានដូមិន ចំនួន ១៥។ ដូមិនទាំងនេះ ត្រូវបានដកហូត ដោយសហប្រតិបត្តិការ Operation PowerOFF រវាងអង់គ្លេស, Netherlands និង Europol ដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធ DDoS សម្រាប់ជួល នៅទូទាំងសកលលោក៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា