សារធាតុវិទ្យុសកម្ម ត្រូវបានរកឃើញនៅរោងចក្រស្លដែក ក្នុងប្រទេសថៃ បន្ទាប់ពីបំពង់ស៊ីឡាំងបាត់ពីមជ្ឈមណ្ឌលអគ្គិសនីមួយ

0

បំពង់ស៊ីឡាំងដែលមានផ្ទុកសារធាតុវិទ្យុសកម្មដែលគេរាយការណ៍ថា បានបាត់ពីមជ្ឈមណ្ឌលអគ្គិសនីមួយនៅខេត្ត ប្រជីនប៊ូរ៉ី  ក្នុងប្រទេសថៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ទីក្រុងបាំងកក៖ សារធាតុវិទ្យុសកម្ម ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា នៅឯរោងចក្រស្លដែកមួយកន្លែងក្នុងស្រុក ខាប៊ីនប៊ូរ៉ី ខេត្តប្រជីនប៊ូរ៉ី ភាគខាងកើតប្រទេសថៃ បន្ទាប់​ពី​មានបំពង់ស៊ីឡាំងដែកមួយ ផ្ទុកសារធាតុដូចគ្នានាដែល​គេ​រាយការណ៍​ថា​បាត់​កាល​ពី​ដើម​ខែ​នេះ។

បំពង់ស៊ីឡាំងនោះមានអង្កត់ផ្ជិត ១២,៧ សង់ទីម៉ែត្រ និងមានប្រវែងប្រមាណជា​ ៣០,៣២ សង់ទីម៉ែត្រមានផ្ទុកសារធាតុវិទ្យុសកម្មដែលមានឈ្មោះថា ស៊ីស្យូម-១៣៧ (Caesium-១៣៧)។ ​បំពង់ស៊ីឡាំងមានទម្ងន់ប្រមាណជា ២៥គីឡូក្រាមត្រូវបានគេដឹងថាបាត់ពីមជ្ឈមណ្ឌលអគ្គិសនីមួយ នៅក្នុងខេត្ត ប្រជីន ប៊ូរ៉ី ក្នុងអំឡុងពេលត្រួតពិនិត្យប្រចាំថ្ងៃ។ គេមិនទាន់រកឃើញបំពង់នេះនៅឡើយទេ។

ការប៉ះពាល់ទៅនឹងបរិមាណដ៏ច្រើននៃ សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧ គ្រោះថ្នាក់ប្រព័ន្ធឈាម និងប្រព័ន្ធសរសៃប្រសាទ ដែលបណ្តាលឱ្យប្រកាច់ និងអាចបណ្តាលឱ្យស្លាប់ នេះបើយោងតាមប្រភពពីក្រសួង​សុខាភិបាល​សាធារណៈ​ថៃ។

​កាលពី​ថ្ងៃ​ចន្ទ ​​លោក រ៉ូនណារ៉ុង ណាកនជីនដា អភិបាលខេត្ត ប្រជីន ប៊ូរ៉ី មានប្រសាសន៍នៅក្នុង​សន្និសីទ​សារព័ត៌មានថាកាលពីព្រឹកម្សិលមិញ សារធាតុវិទ្យុសកម្ម្ស៊ីស្យូម-១៣៧ ត្រូវបានរកឃើញក្នុងការ៉ុងធំ នៅរោងចក្រស្លលោហៈក្នុងស្រុក ខាប៊ីន ប៊ូរ៉ី នៃខេត្ត ប្រជីន ប៊ូរ៉ី។ អាជ្ញធរបានអះអាងថា សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧ មិនមែនជាសារធាតុដែលកកើតឡើងខ្លួនឯងពីធម្មជាតិនោះទេ ​ គឺមនុស្សជាអ្នកផលិតឡើង​”។

សារធាតុដែលគេរកឃើញការ៉ុងធំគឺផ្ទុកទៅដោយសំណល់ដែលសល់ពីការស្លលោហធាតុ នេះបើយោងតាមលោក រ៉ូនណារ៉ុង។

លោកភិបាលខេត្តបាននិយាយថា នៅពេលដែលមានសេចក្តីរាយការណ៍ពីរឿងនេះកាលពីពេលល្ងាច​  យើង​បាន​បិទ​តំបន់​នោះ​ភ្លាម ហើយ​ហាម​មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​តំបន់​នោះទេ។ អាជ្ញាធរក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ក្បែរ​នោះដើម្បីរកសារធាតុវិទ្យុសកម្ម ”។

លោកបានបន្ថែមថា “នៅពេលដែលគេយកឧបករណ៍រាវរកវិទ្យុសកម្មទៅដាក់នៅជិតការ៉ុងនោះ អំណានលើឧបករណ៍បានបង្ហាញថា សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧នៅទីនោះ។” ប៉ុន្តែក្នុងចម្ងាយប្រមាណជា១០ម៉ែត្រ ពីទីតាំងរកឃើញសារធាតុ អំណានលើឧបករណ៍បានបង្ហាញថា មិនមានសារធាតុវិទ្យុសកម្មប្រភេទនេះទេ។

រោងចក្រស្លលោហៈនេះមានកម្មករប្រមាណ ៧០នាក់ហើយ​ពួកគេ​ត្រូវ​បាន​ស្នើ​ឱ្យ​ឈប់​ធ្វើ​ការ​ជា​បណ្ដោះអាសន្ន​ដើម្បី​សុវត្ថិភាព។

លោក រ៉ូនណារ៉ុង បានឱ្យដឹងថា ក្រុម គ្រូពេទ្យ និង មន្ត្រី មក ពី ការិយាល័យ អាតូម ដើម្បី សន្តិភាព (Office of Atoms for Peace) ក្នុង ប្រទេស ថៃ នឹងធ្វើការត្រួតពិនិត្យសុខភាពដល់កម្មករទាំងនោះផងដែរ។

បំពង់ស៊ីឡាំង​ដែលបាន​បាត់​នោះគឺ​ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុនអគ្គិសនីជាតិ​៥A។ លោក ផឺមសូក សាចាភីវ៉ាត់  អគ្គលេខាធិការនៃការិយាល័យអាតូមដើម្បីសន្តិភាពបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ហេតុការណ៍​នេះ​មិន​ត្រូវ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ភ្លាមៗនោះ​ទេ ខណៈដែល​ក្រុមហ៊ុន​បានដឹងពីការបាត់បំពង់​ស៊ីឡាំង។ លោកបាននិយាយថា មកដល់ពេល យើង​នៅ​តែ​មិន​ដឹង​ថា​វា​បាត់​ដោយ​របៀប​ណា”។ 

លោក ផឺមសូក បានបន្ថែមថា រោងចក្រស្លលោហៈត្រូវបានបិទ ហើយឧបករណ៍រាវរកវិទ្យុសកម្មត្រូវបានប្រើប្រាស់ដើម្បីពិនិត្យតំបន់នោះ។

ការិយាល័យ​អាតូម​ដើម្បី​សន្តិភាព គឺស្ថិតនៅក្រោមក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍។ ការិយាល័យនេះគ្រប់គ្រងលើការប្រើប្រាស់ដោយសុវត្ថិភាពនៃសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅក្នុងប្រទេសថៃ ស្របតាមស្តង់ដារ និងកាតព្វកិច្ចអន្តរជាតិ។

អាជ្ញាធរ​មិនទាន់​អាច​បញ្ជាក់​បាន​ថា ​សារធាតុ​វិទ្យុសកម្ម​ដែល​រក​ឃើញ​នៅរោងចក្រស្លដែក ​ក្នុង​ស្រុក ខាប៊ីន ប៊ូរ៉ី មានប្រភពចេញ​ពីបំពង់​ស៊ីឡាំង​ដែល​បាត់​​នេះ​ឬ​យ៉ាង​ណាទេ។

លោក ផឺមសូក បាននិយាយថា ប៉ូលិសកំពុងធ្វើការយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកឱ្យដឹងថា តើវាជាករណីដែលបាត់សុីឡាំងដែកនោះឬយ៉ាងណា។ ប៉ុន្តែយើងដឹងច្បាស់ថា សារធាតុវិទ្យុសកម្មស៊ីស្យូម-១៣៧ ត្រូវបានគេរកឃើញនៅក្នុងស្រុក ខាប៊ីន ប៊ូរ៉ី  នៃខេត្ត ប្រជីន ប៊ូរ៉ី ហើយសារធាតុបែបនេះមិនងាយត្រូវបានរកឃើញក្នុងបរិមាណកម្រិតបែបនេះទេ។”

​យោងតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​នៃ​ក្រសួង​សុខាភិបាល​សាធារណៈបានឱ្យដឹងថា សាធារណជនគួរតែចៀសវាងការប៉ះពាល់ជាមួយនឹងសារធាតុវិទ្យុសកម្ម ឬធុងដែកដែលគួរឱ្យសង្ស័យ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គួរតែរាយការណ៍ដោយខ្លួនឯងផ្ទាល់មកអាជ្ញាធរ និងលាងដៃរាល់ពេលមុនពេលទទួលទានអាហារ ឬភេសជ្ជៈ។

ប្រសិនបើបានប៉ះពាល់សារធាតុនេះ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យធ្វើការលាងសម្អាតភ្នែកជាមួយនឹងទឹកស្អាត និងលាងសម្អាតដៃក៏ដូចជាដងខ្លួន និងសក់របស់ពួកគេ ដើម្បីកាត់បន្ថយការចម្លង។ ពួកគេក៏ត្រូវបានណែនាំឱ្យផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗផងដែរ។

វត្ថុទាំងឡាយ​ដែល​គេ​ជឿ​ថា​មាន​ជាប់កខ្វក់ដោយសារធាតុ​វិទ្យុសកម្ម ​ត្រូវតែ​បញ្ជូន​ទៅ​ពិនិត្យ​ដោយ​អាជ្ញាធរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here